ជំពូកទី 8 : នីតិញាតិ
I. អត្ថន័យ និង ឋានៈនៃនីតិគ្រួសារ
II. ទិដ្ឋភាពទូទៅនៃនីតិញាតិ
1. ខ្លឹមសារនៃនីតិញាតិ
2. ទស្សនៈស្តីពីញាតិ
III. ចំណុចសំខាន់ៗនៃនីតិញាតិ
1. អាពាហ៍ពិពាហ៍
2. ការលែងលះ
3. ឪពុកម្តាយនិងកូនបង្កើត・កូនចិញ្ចឹម
4. អំណាចមេបា អាណាព្យាបាល ហិតូបត្ថម្ភ និង ការទំនុកបម្រុង
I. អត្ថន័យ និង ឋានៈនៃនីតិគ្រួសារ
បទប្បញ្ញត្តិទូទៅនៃក្រមរដ្ឋប្បវេណី នីតិសិទ្ធិប្រត្យក្ស និង នីតិសិទ្ធិលើបំណុល ដែលបានសិក្សានៅក្នុងជំពូកមុន គេហៅថា ផ្នែកស្តីពីនីតិទ្រព្យសម្បត្តិនៃក្រមរដ្ឋប្បវេណី។ ផ្ទុយមកវិញ ផ្នែកស្តីពីនីតិញាតិ (គន្ថីទី4 ញាតិ នៃក្រមរដ្ឋប្បវេណី) និង ផ្នែកស្តីពីនីតិសន្តតិកម្ម (គន្ថីទី5 សន្តតិកម្ម) ត្រូវបានគេហៅថា វិស័យនីតិគ្រួសារ (ពីមុនគេហៅថា នីតិឋានៈបុគ្គល)។ វិស័យនៃនីតិគ្រួសារនេះ ពិតជាមានសារៈសំខាន់ណាស់នៅក្នុងជីវភាពរស់នៅរបស់ប្រជាជន ប៉ុន្តែ វិស័យនេះមិនសូវបានដាក់បញ្ចូលទៅក្នុងវិញ្ញាសាប្រឡងវិជ្ជាជីវៈនានានោះទេ បើប្រៀបធៀបជាមួយវិស័យនីតិទ្រព្យសម្បត្តិ។ ប៉ុន្តែ ផ្នែកស្តីពីនីតិសន្តតិកម្ម មានខ្លឹមសារជាច្រើនដែលទាក់ទងជាមួយវិស័យនីតិទ្រព្យសម្បត្តិ ហើយផ្នែកមួយចំនួននៃនីតិញាតិក៏មានទំនាក់ទំនងជាមួយនឹងបញ្ហានៃនីតិទ្រព្យសម្បត្តិផងដែរ។ យើងគួរតែមានចំណេះដឹងអំពីវិស័យនេះជាមុនផងដែរ មុនពេលសិក្សាអំពីច្បាប់ស្តីពីពន្ធសន្តតិកម្ម ជាអាទិ៍។ នៅខាងក្រោមនេះ ខ្ញុំសាកល្បងរៀបរាប់ឱ្យងាយយល់អំពីផ្នែកស្តីពីនីតិគ្រួសារ ដោយផ្តោតសំខាន់លើចំណុចដែលទាក់ទងនឹងនីតិទ្រព្យសម្បត្តិ និង ចំណុចដែលបានរៀបរាប់ខាងលើនេះ។
II. ទិដ្ឋភាពទូទៅនៃនីតិញាតិ
1. ខ្លឹមសារនៃនីតិញាតិ
នៅក្នុងគន្ថីស្តីពីញាតិនៃក្រមរដ្ឋប្បវេណីមានកំណត់អំពី ទស្សនៈស្តីពីញាតិ ក្នុងនាមជាបទប្បញ្ញត្តិទូទៅ, បន្ទាប់មកនៅក្នុងជំពូកទី2 ស្តីពីអាពាហ៍ពិពាហ៍ មានកំណត់អំពី ការបង្កើត មោឃភាពនិងការលុបចោល ព្រមទាំងអានុភាពនៃអាពាហ៍ពិពាហ៍ ហើយបន្ទាប់មកទៀតមានកំណត់អំពី ប្រព័ន្ធទ្រព្យសម្បត្តិប្តីប្រពន្ធ និង ការលែងលះ។ នៅក្នុងជំពូកទី3 ស្តីពីឪពុកម្តាយនិងកូន មានកំណត់អំពី កូនបង្កើតនិងកូនស្មុំ ហើយនៅក្នុងជំពូកទី4 ស្តីពីអំណាចមេបា, ជំពូកទី5 ស្តីពីអាណាព្យាបាល និង ជំពូកទី6 ស្តីពីហិតូបត្ថម្ភ និង ការទំនុកបម្រុង, ជំពូកទី7 ស្តីពីអាហារកា
តព្វកិច្ច។ នៅក្នុងពេលថ្មីៗនេះ ជំពូកទី2: អាយុគ្រប់រៀបអាពាហ៍ពិពាហ៍ និង ជំពូកទី3: ការស្មុំកូនពិសេស មានការធ្វើវិសោធនកម្មយ៉ាងសំខាន់។
2. ទស្សនៈស្តីពីញាតិ
(1) ញាតិ និង ថ្នាក់ញាតិ
«ញាតិ » ដែលបញ្ញត្តិក្នុងក្រមរដ្ឋប្បវេណីរួមមាន ①ញាតិលោហិតក្នុង 6ថ្នាក់ ②សហព័ទ្ធ និង ③ញាតិពន្ធក្នុង 3ថ្នាក់ (មាត្រា725)។ ការកំណត់អំពីទំហំនៃញាតិនេះ មិនសូវជាមានតម្លៃនោះទេក្នុងពេលបច្ចុប្បន្ននេះ ប៉ុន្តែ សូមយល់ទាំងអស់គ្នាអំពីវិធីរាប់ថ្នាក់ញាតិ ក្នុងនាមជាចំណេះដឹងទូទៅ។ ថ្នាក់ញាតិត្រូវកំណត់ដោយគណនាចំនួននៃតំណពូជរវាងញាតិ (មាត្រា726 កថាខណ្ឌទី1)។ ដូចនេះ អ្នក និង ឪពុក គឺជាញាតិថ្នាក់ទី1 ហើយអ្នក និង ជីតារបស់អ្នក គឺជាញាតិថ្នាក់ទី2។ ករណីខ្សែផ្ទាល់រវាងឪពុកនិងកូន ឬ ជីតានិងចៅ (បើក្នុងរូបទំនាក់ទំនងគ្រួសារ គឺជាខ្សែបញ្ឈរ) គឺងាយស្រួលរាប់នោះទេ។ ប៉ុន្តែ ករណីសាខាញាតិដូចជាបងប្អូនបង្កើត ឬ បងប្អូនជីដូនមួយវិញ (បើក្នុងរូបទំនាក់ទំនងគ្រួសារ គឺជាខ្សែផ្តេក) ត្រូវរាប់លំដាប់តំណពូជឡើងទៅបុព្វញាតិរួម ហើយរាប់ចុះមកដល់បុគ្គលនោះ (មាត្រា726 កថាខណ្ឌទី2)។ ដូចនេះ ករណីរបស់បងប្អូនបង្កើត (បង-ឪពុកម្តាយ-ប្អូន) គឺជាញាតិថ្នាក់ទី2 ហើយករណីរបស់បងប្អូនជីដូនមួយ (ឧបមាថា កូនរបស់ប្អូនរបស់ឪពុក) គឺ សាមីខ្លួន-ឪពុក-ជីដូនជីតា-ប្អូនរបស់ឪពុក-កូនរបស់ឪពុក) គឺជាញាតិថ្នាក់ទី4។
(2) ញាតិលោហិត និង ញាតិពន្ធ
ញាតិលោហិត សំដៅទៅលើក្រុមនៃបុគ្គលដែលមានបុព្វជនរួមគ្នា ពោលគឺមានចំណងលោហិតជាមួយគ្នាដូចជា ឪពុកនិងកូន ឬ បងនិងប្អូន ជាដើម។ ហើយទំនាក់ទំនងរវាងកូនចិញ្ចឹម (⇒ជំពូកនេះ III.3) និង ឪពុកម្តាយចិញ្ចឹម ជាមួយនឹងញាតិលោហិតរបស់ឪពុកម្តាយចិញ្ចឹមនោះ នឹងត្រូវបង្កើតនូវញាតិភាព ដូចគ្នានឹងញាតិលោហិត គិតចាប់ពីថ្ងៃដែលបានស្មុំកូនកើតឡើង (មាត្រា727)។ ប៉ុន្តែ ទំនាក់ទំនងញាតិនេះនឹង ត្រូវបញ្ចប់ដោយការកាត់កាល់ (ការរំលាយកូនស្មុំ, មាត្រា729)។ ញាតិពន្ធ សំដៅទៅលើក្រុមនៃបុគ្គលដែលបានបង្កើតទំនាក់ទំនងតាមរយៈអាពាហ៍ពិពាហ៍ (⇒ជំពូកនេះ III.1) ដូចជា ប្អូនរបស់ប្រពន្ធ ឬ ម្តាយរបស់ប្តី ជាអាទិ៍។ ដូចនេះ ទំនាក់ទំនងញាតិពន្ធនេះ នឹងត្រូវបញ្ចប់ដោយការលែងលះ (មាត្រា728 កថាខណ្ឌទី1។ ត្រូវអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលប្តីប្រពន្ធណាម្ខាងបានទទួលមរណភាព ហើយបុគ្គលដែលនៅរស់បានបង្ហាញឆន្ទៈបញ្ចប់ទំនាក់ទំនងញាតិពន្ធ។ មាត្រាដដែល កថាខណ្ឌទី2)។ យ៉ាងណាមិញ ប្តីប្រពន្ធត្រូវគិតជាឯកតារួមគ្នា នៅពេលរាប់ថ្នាក់ញាតិ
ពន្ធ។
III. ចំណុចសំខាន់ៗនៃនីតិញាតិ
1. អាពាហ៍ពិពាហ៍
(1) ការបង្កើតអាពាហ៍ពិពាហ៍
ចំពោះអាពាហ៍ពិពាហ៍ (ការរៀបការ) ត្រូវគោរពគោលការណ៍អាពាហ៍ពិពាហ៍តាមច្បាប់ មានន័យថា ប្តីប្រពន្ធត្រូវបានគេចាប់ផ្តើមទទួលស្គាល់ នៅពេលដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍នៅសាលាក្រុង (មាត្រា739)។ ដូចនេះ ការបង្កើតអាពាហ៍ពិពាហ៍ គឺតម្រូវឱ្យបំពេញលក្ខខណ្ឌសារធាតុ ពោលគឺ ភាគីមានឆន្ទៈរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា (អាពាហ៍ពិពាហ៍ក៏ជាប្រភេទមួយនៃកិច្ចសន្យាផងដែរ) និង លក្ខខណ្ឌទម្រង់ ពោលគឺ ការដាក់ពាក្យ និង ទទួលពាក្យសុំរៀបអាពាហ៍ពិពាហ៍។ បើសិនជាមិនបានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ទេ ទោះបីជាពួកគេបានរៀបចំពិធីយ៉ាងអធិកអធមនៅក្នុងព្រះវិហារ ឬ វត្តអារ៉ាមតាមប្រពៃណីយ៉ាងណាក៏ដោយ ក៏ពួកគេអាចមានទំនាក់ទំនងត្រឹមអនីតិសង្វាសប៉ុណ្ណោះ តែមិនអាចក្លាយជាប្តីប្រពន្ធស្របច្បាប់នោះទេ។ នៅប្រទេសជប៉ុន អាយុគ្រប់រៀបអាពាហ៍ពិពាហ៍ ត្រូវបានកំណត់ថា ចំពោះបុរសគឺ 18ឆ្នាំ ហើយចំពោះនារីគឺ 16ឆ្នាំ ទើបអាចរៀបអាពាហ៍ពិពាហ៍បាន (មាត្រា731) ប៉ុន្តែ អាយុគ្រប់រៀបអាពាហ៍ពិពាហ៍របស់នារី ត្រូវបានតំឡើងមក 18ឆ្នាំវិញ ចាប់ពីការដាក់ឱ្យអនុវត្តខ្លឹមសារវិសោធនកម្មក្រមរដ្ឋប្បវេណី នៅថ្ងៃទី1 ខែមេសា ឆ្នាំ2022 (ទន្ទឹមនឹងនេះ អាយុដល់នីតិភាពនៃបុរសនារី ក៏ត្រូវបានធ្វើវិសោធនកម្មប្តូរមក 18ឆ្នាំ ផងដែរ)។ មានន័យថា នៅក្រោយពេលការអនុវត្តក្រមរដ្ឋប្បវេណីវិសោធនកម្ម ករណីដែលអនីតិជនរៀបអាពាហ៍ពិពាហ៍នៅប្រទេសជប៉ុននឹងលែងកើតមានបន្តទៅទៀត។ ជាមួយគ្នានេះផងដែរ បញ្ញត្តិដែលស្តីពីការចាំបាច់ទទួលការយល់ព្រមពីឪពុកម្តាយ នៅពេលអនីតិជនរៀបអាពាហ៍ពិពាហ៍ ក៏ត្រូវបាននិរាករណ៍ផងដែរ (កថាខណ្ឌទី1 មាត្រា737))។ ហើយទ្វេពន្ធភាពត្រូវបានហាមឃាត់ (មាត្រា732)។ ក្រៅពីនេះ កាលពីមុន គេបានកំណត់អំពីអំឡុងពេលហាមឃាត់មិនឱ្យរៀបអាពាហ៍ពិពាហ៍សារជាថ្មីចំពោះនារី ក្នុងអំឡុងពេល 6ខែ គិតចាប់ពីថ្ងៃអាពាហ៍ពិពាហ៍មុនត្រូវបានរំលាយ ឬ លុបចោល (មាត្រា733 កថាខណ្ឌទី1 ចាស់, បញ្ញត្តិនេះធ្វើឡើង ដើម្បីជៀសវាងនូវបញ្ហានៃការកំណត់អំពីបិតុភាពចំពោះកូនដែលបានកើតមក)។ ប៉ុន្តែ សាលដីកាតុលាការកំពូលខែធ្នូ ឆ្នាំ2015 បានសម្រេចថា ការហាមឃាត់មិនឱ្យរៀបអាពាហ៍ពិពាហ៍សារជាថ្មីដែលលើសពី 100ថ្ងៃ គឺផ្ទុយនឹងរដ្ឋធម្មនុញ្ញ ហេតុនេះ នៅឆ្នាំ2016 អំឡុងពេលហាមឃាត់មិនឱ្យរៀបអាពាហ៍ពិពាហ៍នេះត្រូវបានធ្វើវិសោធនកម្មមកត្រឹម 100ថ្ងៃវិញ (លើសពីនេះ មាត្រា733 កថាខណ្ឌទី2 ដែលកំណត់អំពី ករណីដែលអាចរៀបអាពាហ៍ពិពាហ៍ក្នុងអំឡុងពេលហាមឃាត់មិនឱ្យរៀបអាពាហ៍ពិពាហ៍សារជាថ្មី ត្រូវបានបង្កើតថ្មី)។ ហើយការរៀបអាពាហ៍ពិពាហ៍រវាងបុរសនារី ដែលមានទំនាក់ទំនងញាតិជិតគ្នាក្នុងទំហំជាក់លាក់មួយត្រូវបានហាមឃាត់ (មាត្រា734 កថាខណ្ឌទី1 ជាអាទិ៍)។ យ៉ាងណាមិញ ចំពោះការហាមឃាត់មិនឱ្យរៀបអាពាហ៍ពិពាហ៍រវាងញាតិជិតគ្នានេះ គឺសំដៅទៅលើ អាពាហ៍ពិពាហ៍រវាងញាតិលោហិតផ្ទាល់ (ឪពុក និង កូន ជាអាទិ៍) ឬ សាខាញាតិលោហិតក្នុង 3ថ្នាក់ (ឧទាហរណ៍ កូនរបស់បង និង ប្អូន ជាអាទិ៍) ត្រូវបានហាមឃាត់ (មាត្រា734 កថាខណ្ឌទី1។ ដូចនេះ ការរៀបអាពាហ៍ពិពាហ៍រវាងបងប្អូនជីដូនមួយដែលជាញាតិថ្នាក់ទី4 អាចធ្វើទៅបាន)។ កូនចិញ្ចឹម និង ឪពុកម្តាយចិញ្ចឹម ក៏មិនអនុញ្ញាតឱ្យរៀបអាពាហ៍ពិពាហ៍រវាងគ្នាបានដែរ ដោយសារតែពួកគេកើតមានទំនាក់ទំនងញាតិលោហិតផ្ទាល់ចាប់ពីថ្ងៃស្មុំកូន។ ប៉ុន្តែ កូនចិញ្ចឹម និង កូនបង្កើតអាចរៀបអាពាហ៍ពិពាហ៍រវាងគ្នាបាន (មាត្រា734 កថាខណ្ឌទី1 វាក្យខណ្ឌទី1)។ លើសពីនេះ ការរៀបអាពាហ៍ពិពាហ៍រវាងញាតិពន្ធខ្សែផ្ទាល់ (ឧទាហរណ៍ ឪពុកក្មេក និង កូនប្រសាស្រី) ក៏ត្រូវបានហាមឃាត់ដែរ ហើយត្រូវអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលប្តីប្រពន្ធណាម្ខាងបានទទួលមរណភាព ហើយបុគ្គលដែលនៅរស់បានបង្ហាញឆន្ទៈបញ្ចប់ទំនាក់ទំនងអាពាហ៍ពិពាហ៍ (មាត្រា735)។
(2) នាមត្រកូលរបស់ប្តីប្រពន្ធ
ក្រមរដ្ឋប្បវេណីបច្ចុប្បន្ននេះ បានកំណត់ឱ្យប្តីប្រពន្ធជ្រើសរើសយកនាមត្រកូលរួម (ត្រកូល) នៅពេលរៀបអាពាហ៍ពិពាហ៍។ នេះគឺជា គោលការណ៍នាមត្រកូលរួមរបស់ប្តីប្រពន្ធ (មាត្រា750)។ ចំណុចនេះមិនអាចនិយាយជាផ្លូវការថា ផ្ទុយនឹងសមភាពនៃប្តីប្រពន្ធនោះទេ ប៉ុន្តែ បច្ចុប្បន្ននេះ ប្តីប្រពន្ធសឹងតែ 98% បានជ្រើសរើសយកនាមត្រកូលរបស់ប្តី។ នាពេលបច្ចុប្បន្ននេះ ការធ្វើវិសោធនកម្មច្បាប់ ដែលផ្តល់សិទ្ធិជ្រើសរើសនាមត្រកូលប្តីប្រពន្ធផ្សេងគ្នាក្រោយពេលរៀបការ ក្នុងករណីដែលប្តីប្រពន្ធនីមួយៗចង់រក្សានាមត្រកូលរៀងៗខ្លួន ត្រូវបានលើកយកមកពិភាក្សាដែរ ប៉ុន្តែ មិនអាចសម្រេចជាលទ្ធផលបាន ហើយសាលដីកាតុលាការកំពូលចុះខែធ្នូ ឆ្នាំ2015 បានបកស្រាយថា មាត្រា750 មានធម្មនុញ្ញភាព (ការសម្រេចដែលបន្សល់នៅមន្ទិលជាច្រើន)។
(3) ប្រព័ន្ធទ្រព្យសម្បត្តិប្តីប្រពន្ធ
ប្តីប្រពន្ធអាចសម្រេចដោយសេរីនៅក្នុងកិច្ចសន្យា អំពីការចាត់ចែងទំនាក់ទំនងទ្រព្យសម្បត្តិនៅក្នុងអាពាហ៍
ពិពាហ៍ (កិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធ) ប៉ុន្តែ ក្រមរដ្ឋប្បវេណីជប៉ុនបានកម្រិតនូវចំណុចមួយចំនួន ដូចជា កិច្ចសន្យាដែលមិនបានចុះបញ្ចីមុនពេលដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ មិនអាចតតាំងនឹងប្រតិសិទ្ធិនៃប្តីប្រពន្ធ ឬ
តតិយជន (មាត្រា756) ហើយកិច្ចសន្យានេះមិនអាចផ្លាស់ប្តូរនោះទេ នៅក្រោយពេលដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ (មាត្រា758 កថាខណ្ឌទី1)។ ម្យ៉ាងទៀត ប្រសិនបើមិនបានបង្កើតកិច្ចសន្យាដោយឡែកមុនពេលដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ទេ គេត្រូវអនុវត្តតាមបញ្ញត្តិនៃប្រព័ន្ធទ្រព្យសម្បត្តិតាមច្បាប់កំណត់នៅក្នុងក្រមរដ្ឋប្បវេណី ហើយករណីភាគច្រើននៅក្នុងប្រទេសជប៉ុន គឺអនុវត្តតាមប្រព័ន្ធទ្រព្យសម្បត្តិតាមច្បាប់កំណត់។
ករណីអនុលោមតាមប្រព័ន្ធទ្រព្យសម្បត្តិដែលច្បាប់កំណត់ គឺទ្រព្យសម្បត្តិដែលមានតាំងពីមុនអាពាហ៍ពិពាហ៍ និង ទ្រព្យសម្បត្តិដែលទទួលបានក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ដែលដាក់ឈ្មោះរបស់ខ្លួនឯង ត្រូវក្លាយជាទ្រព្យសម្បត្តិដោយឡែករបស់បុគ្គលដែលដាក់ឈ្មោះនោះ (បើដាក់ឈ្មោះប្តី គឺជារបស់ប្តី, បើដាក់ឈ្មោះប្រពន្ធ គឺជារបស់ប្រពន្ធ) ហើយទ្រព្យសម្បត្តិដែលមិនដឹងច្បាស់ថាជារបស់អ្នកណា ត្រូវសន្មតថា ជាទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធ (មាត្រា762។ ពាក្យថា សន្មត គឺជាករណីដែលច្បាប់គិតថាមានន័យបែបនឹងជាមុនសិន ហើយភាគីអាចផ្លាស់ប្តូរការគិតបែបនេះ ដោយការបញ្ជាក់ផ្ទុយពីនេះ)។ នេះហៅថា ប្រព័ន្ធទ្រព្យសម្បត្តិដោយឡែក។
សោហ៊ុយអាពាហ៍ពិពាហ៍ ពោលគឺ សោហ៊ុយជីវភាពរបស់ប្តីប្រពន្ធ និង សោហ៊ុយចិញ្ចឹមកូនដែលមិនទាន់ពេញវ័យជាដើម ត្រូវទទួលបន្ទុកតាមចំណែកដោយប្តីប្រពន្ធ ដោយពិចារណាទៅលើទ្រព្យធន ចំណូល និង ចំណុចផ្សេងទៀតទាំងអស់ (ករណីយកិច្ចទទួលចំណែកបន្ទុកសោហ៊ុយអាពាហ៍ពិពាហ៍។ មាត្រា760។ ពាក្យថា សោហ៊ុយអាពាហ៍ពិពាហ៍ មិនមែនសំដៅលើសោហ៊ុយចំណាយលើពិធីអាពាហ៍ពិពាហ៍នោះទេ)។
(4) ការទទួលខុសត្រូវដោយសាមគ្គីភាពចំពោះកាតព្វកិច្ចនៃកិច្ចការគ្រួសារប្រចាំថ្ងៃ
ក្រមរដ្ឋប្បវេណីបានកំណត់អំពី ការទទួលខុសត្រូវដោយសាមគ្គីភាពចំពោះកាតព្វកិច្ចនៃកិច្ចការគ្រួសារប្រចាំថ្ងៃ ក្នុងនាមជាការពន្លាតនូវប្រព័ន្ធទ្រព្យសម្បត្តិដែលច្បាប់កំណត់ ទៅលើទំនាក់ទំនងខាងក្រៅរបស់ប្តីប្រពន្ធ។ ក្រមរដ្ឋប្បវេណី មាត្រា761 កំណត់ថា ប្រសិនបើប្តី ឬ ប្រពន្ធណាម្ខាង បានធ្វើសកម្មភាពគតិយុត្តដែលពាក់ព័ន្ធនឹងកិច្ចការគ្រួសារប្រចាំថ្ងៃជាមួយតតិយជន ប្តី ឬ ប្រពន្ធម្ខាងទៀត ត្រូវទទួលខុសត្រូវដោយសាមគ្គីភាព ចំពោះកាតព្វកិច្ចដែលបានកើតឡើង តាមរយៈសកម្មភាពនោះ (ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ក្នុងករណីដែល ប្តី ឬ ប្រពន្ធម្ខាងទៀតនោះ បានជូនដំណឹងជាមុនទៅកាន់តតិយជន អំពីការមិនទទួលខុសត្រូវ)។ បើសិនជាប្តី ឬ ប្រពន្ធណាម្ខាងបានចំណាយ ឬ ខ្ចីប្រាក់ពីគេជាដើម សម្រាប់បំពេញតម្រូវការចំណីអាហារ សំលៀកបំពាក់ ឬ ការស្នាក់នៅ ដើម្បីទ្រទ្រង់ជីវភាពរួមរបស់ប្តីប្រពន្ធ ហើយតាមរយៈនេះបានធ្វើឱ្យប្តី ឬ ប្រពន្ធម្ខាងនោះមានកាតព្វកិច្ចចំពោះអ្នកដទៃ (កាតព្វកិច្ចដែលមានលក្ខណៈប្រចាំថ្ងៃ និង លក្ខណៈកិច្ចការគ្រួសារ) ក្នុងករណីនេះ ប្តីប្រពន្ធទាំងសងខាង មានការទទួលខុសត្រូវដោយសាមគ្គីភាព នៅក្នុងការអនុវត្តកាតព្វកិច្ច។ ឧទាហរណ៍ ប្តីក៏មានទំនួលខុសត្រូវផងដែរ ចំពោះការអនុវត្តកាតព្វកិច្ចដែលបង្កើតឡើងដោយប្រពន្ធ។ កាតព្វកិច្ចទាំងនោះមានដូចជា កាតព្វកិច្ចបង់ថ្លៃអគ្គិសនី កាតព្វកិច្ចបង់ថ្លៃឈ្នួល (ឈ្នួលផ្ទះ) និង កាតព្វកិច្ចបង់ថ្លៃទិញគ្រឿងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ជាដើម។ ពោលគឺ នេះគឺជាបញ្ញត្តិដែលផ្តល់ការទទួលខុសត្រូវដោយសាមគ្គីភាពទៅលើសហព័ទ្ធម្ខាងទៀត ដើម្បីការពារដល់ភាគីម្ខាងទៀតនៃកិច្ចការជំនួញ ចំពោះកាតព្វកិច្ចដែលកើតចេញពីជីវភាពរួមរបស់ប្តីប្រពន្ធ (ដោយសារតែលក្ខណៈជីវភាពរួម មិនអាចទទួលខុសត្រូវចំពោះកាតព្វកិច្ចបាន) ជៀសជាងកាតព្វកិច្ចរបស់ប្តី ឬ ប្រពន្ធណាតែម្ខាង។ ដូចនេះ កាតព្វកិច្ចដែលសមស្របនឹងកាតព្វកិច្ចនៃកិច្ចការប្រចាំថ្ងៃ ត្រូវតែមានព្រំដែនច្បាស់លាស់ ហើយឧបមាថា សកម្មភាពចាត់ចែងអចលនវត្ថុដែលជាទ្រព្យសម្បត្តិដោយឡែករបស់ប្តី ឬ ប្រពន្ធណាម្ខាង មិនអាចក្លាយជាកិច្ចការគ្រួសារប្រចាំថ្ងៃឡើយ។
(5) កិច្ចសន្យារវាងប្តីប្រពន្ធ
បើសិនជាប្តីប្រពន្ធបានចុះកិច្ចសន្យារវាងគ្នា ឧបមាថា កិច្ចសន្យាប្រទានកម្ម ក្នុងករណីនេះ ប្តី ឬ ប្រពន្ធណាម្ខាង អាចលុបចោលកិច្ចសន្យាប្រទានកម្មនោះពេលណាក៏បានដែរ ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ (មាត្រា754)។ ហើយការអនុវត្តកិច្ចសន្យារវាងប្តីប្រពន្ធ ត្រូវធ្វើឡើងតាមរយៈសេចក្តីស្រលាញ់ និង សីលធម៌ មិនមែនការអនុវត្តដោយបង្ខំតាមផ្លូវច្បាប់នោះទេ ប៉ុន្តែ បញ្ញត្តិនេះរងការរិះគន់ជាច្រើនពីអ្នកច្បាប់។
(6) កំជាប់ពាក្យ និង អនីតិសង្វាស
នៅក្នុងសង្គមទូទៅបានហៅ ការសន្យាថានឹងរៀបអាពាហ៍ពិពាហ៍ (រៀបការ) ថា កំជាប់ពាក្យ ប៉ុន្តែ នៅក្នុងក្រមរដ្ឋប្បវេណីពុំមានបញ្ញត្តអំពី កំជាប់ពាក្យនោះទេ។ ដូចនេះ ការវាយតម្លៃនៃកំជាប់ពាក្យ គឺអាស្រ័យទៅលើយុត្តិសាស្ត្រ និង ទ្រឹស្តី។ បើសិនជាបកស្រាយថា កំជាប់ពាក្យនេះគឺជា កិច្ចសន្យាដែលសន្យាជាមុនអំពីការរៀបអាពាហ៍ពិពាហ៍នាពេលអនាគត ក្នុងករណីនេះ ការបដិសេធតាមទំនើងចិត្តរបស់ភាគីម្ខាង គឺជាការមិនអនុវត្តកាតព្វកិច្ច (⇒ជំពូកទី6)។ ហើយបើសិនជាបកស្រាយថា ការបដិសេធដោយចេតនា ឬ កំហុសនេះ បានបង្កការខូចខាតដោយមិនត្រឹមត្រូវចំពោះបុគ្គលផ្សេង (ជាទ្រព្យសម្បត្តិ ឬ ជាសតិអាម្មណ៍) ក្នុងករណីនេះ វានឹងក្លាយជាអំពើអនីត្យានុកូល (⇒ជំពូកទី5)។ ទោះបីជាជ្រើសរើសយកការបកស្រាយណាមួយក៏ដោយ ក៏ការបដិសេធតាមទំនើងចិត្តរបស់ភាគីម្ខាង នឹងក្លាយជាកម្មវត្ថុនៃការផ្តល់សំណងការខូចខាត។
ការបង្កើតកំជាប់ពាក្យ មិនតម្រូវឱ្យគោរពតាមលក្ខខណ្ឌទម្រង់ណាមួយនោះទេ។ យ៉ាងណាមិញ នៅក្នុងសង្គមទូទៅ តែងនិយមប្រគល់ជំនូនផងដែរ។ ប៉ុន្តែ នេះគឺជាទំនៀមទម្លាប់ក្នុងសង្គមទូទៅប៉ុណ្ណោះ ហើយការបង្កើតកំជាប់ពាក្យនេះ មិនអាស្រ័យទៅលើការប្រគល់ជំនូន ឬ ការមិនប្រគល់ជំនូននោះទេ។ លក្ខណៈគតិយុត្តនៃជំនូន គឺជាប្រភេទមួយនៃប្រទានកម្ម ដើម្បីជាភស្តុតាងបញ្ជាក់អំពីការបង្កើតកំជាប់ពាក្យប៉ុណ្ណោះ។ ជាទូទៅ ជំនួននេះត្រូវបានប្រគល់ដើម្បីបញ្ជាក់អំពីការកំជាប់ពាក្យ រួមជាមួយនឹងគោលបំណងនៃការរៀបអាពាហ៍ពិពាហ៍នាពេលអនាគត ហេតុនេះហើយ ជំនូនត្រូវសងមកវិញ ប្រសិនបើកំជាប់ពាក្យបានរលាយ។ ជាគោលការណ៍ ការទាមទារឱ្យសងវិញនេះ ត្រូវធ្វើឡើងដោយផ្អែកលើសេចក្តីចម្រើនដោយឥតហេតុ (⇒ជំពូកទី5) ប៉ុន្តែ យុត្តិសាស្ត្របានបកស្រាយថា ការទាមទារឱ្យសងវិញនេះមិនអាចធ្វើបានឡើយ ប្រសិនបើការរលាយនៃកំជាប់ពាក្យនោះ កើតឡើងដោយសារទំនួលខុសត្រូវរបស់ភាគីដែលបានលើកជំនូន។ សូមពិចារណាថា វាគឺជាប្រភេទមួយនៃការដាក់ពិន័យ ហើយផលប្រយោជន៍ជាទ្រព្យសម្បត្តិដែលទទួលបានពីជំនូន ត្រូវចាត់ទុកថាជា សំណងនៃការខូចខាតនៃអំពើអនីត្យានុកូល ហើយភាគីម្ខាងទៀតអាចរក្សាទុកនូវជំនូននោះបាន (បើសិនជាការខូចខាតដែលកើតឡើងនោះ មានទំហំធំធេងជាងតម្លៃជាទ្រព្យសម្បត្តិនៃជំនូនដែលបានទទួល ភាគីម្ខាងទៀតនោះអាចទាមទារសំណងការខូចខាតបន្ថែមបាន)។
ពាក្យថា «អនីតិសង្វាស» ក៏មិនមែនជាពាក្យពេចន៍ដែលបញ្ញត្តក្នុងច្បាប់ផងដែរ។ នៅក្នុងចំណោមបុរសនារីដែលបានរស់នៅជីវភាពរួមគ្នាដោយមិនបានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ (ករណីដូចជា រស់នៅជាមួយគ្នា ហើយរួមគ្នាទ្រទ្រង់ការចំណាយនានាក្នុងផ្ទះ) ចំពោះបុរសនារីដែលមានឆន្ទៈរៀបអាពាហ៍ ទោះបីជាមិនបានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ក៏ដោយ ក៏ត្រូវបានគេហៅថាជា អនីតិសង្វាស ផងដែរ(បើគ្មានឆន្ទៈរៀបអាពាហ៍ពិពាហ៍នោះទេ វាគ្រាន់តែជាការស្នាក់នៅរួមគ្នាធម្មតាប៉ុណ្ណោះ)។ បើសិនជាជ្រើសរើសយកគោលការណ៍អាពាហ៍ពាហ៍តាមច្បាប់ ក្នុងករណីនេះ បើទោះបីជាបុរសនារីនោះមានជីវភាពរួមគ្នាដូចជាប្តីប្រពន្ធយ៉ាងណាក៏ដោយ ក៏ពួកគេគ្រាន់តែមានទំនាក់ទំនងអនីតិសង្វាស បើមិនបានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ហើយពួកគេមិនអាចទទួលបានការការពារតាមផ្លូវច្បាប់នោះទេ។ ប៉ុន្តែ ការជ្រើសរើសយកគោលការណ៍នេះបានបង្កឱ្យមានបញ្ហា។ ហេតុនេះហើយ យុត្តិសាស្ត្រ និង ទ្រឹស្តីបានប្រឹងប្រែងរកវិធីផ្តល់ការការពារផ្លូវច្បាប់ដល់ភាគីអនីតិសង្វាស។ ទ្រឹស្តីបច្ចុប្បន្ននេះ បានចាត់ទុក អនីតិសង្វាសជាទំនាក់ទំនងឧបអាពាហ៍ពិពាហ៍ ហើយអះអាងថា ការបដិសេធទំនាក់ទំនងនេះត្រូវពិចារណាតាមបែបបទនៃអំពើអនីត្យានុកូល (គោលការណ៍ឧបអាពាហ៍ពិពាហ៍)។ បើនិយាយឱ្យច្បាស់ទៅ នេះមានន័យថា អនីតិសង្វាសដែលមិនបានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ មិនអាចទទួលស្គាល់តាមអានុភាពនៃអាពាហ៍ពិពាហ៍ដែលអាចចុះជាសមាជិកក្នុងប័ណ្ណគ្រួសារឡើយ ប៉ុន្តែ តាមរយៈអានុភាពនៃការទទួលស្គាល់ជីវភាពរួមគ្នានេះ គេអាចអនុវត្តប្រដូចចំពោះចំណុចដូចជា ករណីយកិច្ចរួមរស់នឹងគ្នា សហការ និងសង្គ្រោះគ្នាទៅវិញទៅមក ករណីយកិច្ចទទួលបន្ទុកចំណែកនៃសោហ៊ុយអាពាហ៍ពិពាហ៍ ការទទួលខុសត្រូវដោយសាមគ្គីភាពចំពោះកាតព្វកិច្ចនៃកិច្ចការផ្ទះប្រចាំថ្ងៃ និង ការបែងចែកទ្រព្យសម្បត្តិ ជាដើម។
2. ការលែងលះ
(1) នីតិវិធីនៃការលែងលះ
បើសិនជាទំនាក់ទំនងអាពាហ៍ពិពាហ៍មិនចុះសម្រុងនឹងគ្នាទេ បញ្ហានៃការលែងលះនឹងកើតឡើង ហើយក្រមរដ្ឋប្បវេណីជប៉ុនមានបញ្ញត្តអំពី ការលែងលះតាមការព្រមព្រៀង ដែលអាចលែងលះដោយគ្រាន់តែមានការព្រមព្រៀងរបស់ភាគី (មាត្រា763) និង ការលែងលះតាមតុលាការ ដែលត្រូវមានការទទួលស្គាល់នៅក្នុងតុលាការ។ ចំពោះការលែងលះតាមតុលាការ ចាំបាច់ត្រូវមានមូលហេតុនៃការលែងលះដូចជា ការផិតក្បត់ ឬ ការបោះបង់ចោលសហព័ទ្ធដោយទុច្ចរិត ជាអាទិ៍ ហើយមូលហេតុធ្ងន់ធ្ងរផ្សេងទៀតដែលពិបាកនឹងបន្តអាពាហ៍ពិពាហ៍ ក៏ជាមូលហេតុនៃការលែងលះផងដែរ (មាត្រា770)។ នៅក្នុងចំណុចនេះ សាលដីកាពេញអង្គរបស់តុលាការកំពូលឆ្នាំ1987 បានសម្រេចថា ការទាមទារលែងលះពីបុគ្គលដែលមានទំនួលខុសត្រូវ ពោលគឺភាគីដែលមានការទទួលខុសត្រូវក្នុងការបង្កើតវិវាទលែងលះ ក៏អាចត្រូវបានទទួលស្គាល់ដែរ។ យ៉ាងណាមិញ ក្រៅពីនីតិវិធីទាំង 2ខាងលើនេះ ច្បាប់មានកំណត់អំពីនីតិវិធីនៃការលែងលះដោយសន្ធានកម្មនៅក្នុងតុលាការគ្រួសារ និង ការលែងលះដោយដីកាសម្រេចផងដែរ។
(2) ការបែងចែកទ្រព្យសម្បត្តិ
ភាគីម្ខាងដែលបានលែងលះ អាចទាមទារឱ្យភាគីម្ខាងទៀតបែងចែកទ្រព្យសម្បត្តិបាន ហើយបើសិនជាភាគីមិនអាចពិភាក្សារវាងគ្នាបានទេ តុលាការគ្រួសារអាចកំណត់អំពីលទ្ធភាពនៃការបែងចែក និង ចំនួនដែលត្រូវបែងចែកបាន (មាត្រា768)។ នៅពេលបែងចែកទ្រព្យសម្បត្តិ តុលាការត្រូវពិចារណាទៅលើចំនួននៃទ្រព្យសម្បត្តិដែលប្តីប្រពន្ធបានធ្វើលទ្ធកម្មដោយសហការគ្នា និង ស្ថានភាពផ្សេងៗទៀត។
យ៉ាងណាមិញ ទំនាក់ទំនងនៃការបែងចែកទ្រព្យសម្បត្តិនេះ និង សំណងជម្ងឺចិត្ត អាចក្លាយជាបញ្ហា។ យើងអាចគិតថា មានករណីខ្លះនៃសំណងជម្ងឺចិត្តនៃការលែងលះអាចបញ្ចូលទៅក្នុងការបែងចែកទ្រព្យសម្បត្តិ ប៉ុន្តែ យុត្តិសាស្រ្តតុលាការបានសម្រេចថា ទោះបីជាការបែងចែកទ្រព្យសម្បត្តិបានធ្វើឡើងរួចហើយក៏ដោយ ក៏ការបែងចែកនេះមិនបានបញ្ចូលនូវសារធាតុនៃសំណងការខូចខាតនោះទេ ហេតុនេះ ភាគីរងគ្រោះនៅតែអាចទាមទារសំណង
ជំងឺចិត្តបន្ថែម ប្រសិនបើចំនួននៃទ្រព្យសម្បត្តិ ឬ វិធីបែងចែកមិនគ្រប់គ្រាន់ សម្រាប់ការខូចខាតផ្នែកស្មារតីរបស់
ភាគីរងគ្រោះ។
លើសពីនេះ នៅក្នុងករណីមួយចំនួននៃការបែងចែកទ្រព្យសម្បត្តិតាមការពិភាក្សា គឺធ្វើឡើងដើម្បីលាក់ទ្រព្យសម្បត្តិប៉ុណ្ណោះ ឧបមាថា ប្តីបានលែងលះជាមួយប្រពន្ធ ហើយបែងចែកទ្រព្យសម្បត្តិទៅឱ្យប្រពន្ធ ដើម្បីបញ្ជៀសពីការទាមទាររបស់ម្ចាស់បំណុល ជាអាទិ៍។ ដូចនេះ បើសិនជាចំនួនទ្រព្យសម្បត្តិដែលបានបែងចែកនោះ មានទំហំលើសហួសហេតុពេកពីគោលបំណងក្នុងមាត្រា768 នៃក្រមរដ្ឋប្បវេណី និងមានហេតុពិសេសអំពីការចាត់ចែងទ្រព្យសម្បត្តិដោយបន្លំក្នុងរូបភាពបែងចែកទ្រព្យសម្បត្តិ ក្នុងករណីនេះ ទ្រព្យសម្បត្តិទាំងអស់ ឬ មួយផ្នែកនោះនឹងក្លាយជាកម្មវត្ថុនៃការអនុវត្តសិទ្ធិលុបចោលអំពើដែលនាំឱ្យខូចខាតផលប្រយោជន៍ (មាត្រា424)។
3. ឪពុកម្តាយនិងកូនបង្កើត・កូនចិញ្ចឹម
(1) ឪពុកម្តាយ និង កូនបង្កើត
នៅក្នុងទំនាក់ទំនងឪពុកម្តាយនិងកូន រួមមាន កូនដែលចាប់កំណើតពីប្តីប្រពន្ធដែលបានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ គេហៅថា កូនមានខាន់ស្លា (មាត្រា772ដូចរៀបរាប់ខាងក្រោយនេះ បញ្ញត្តពីការសន្មតបិតុភាព និងការសន្មតភាពមានខាន់ស្លា) និង កូនដែលចាប់កំណើតពីបុរសនារីដែលមិនបានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ គេហៅថា កូនឥតខាន់ស្លា។ ដើមឡើយ កូនទាំង 2នេះ ត្រូវទទួលបានចំណែកសន្តតិកម្មខុសគ្នា (ចំពោះចំណែកសន្តតិកម្ម សូមយោងចំណុច III.2) ប៉ុន្តែ វិសោធនកម្មច្បាប់ឆ្នាំ2013 បានកែតម្រូវឱ្យទទួលបានចំណែកសន្តតិកម្មស្មើគ្នាវិញ។
ចំពោះទំនាក់ទំនងឪពុកម្តាយ និង កូនបង្កើត ពោលគឺ ទំនាក់ទំនងសាច់ឈាមនៃកូនដែលបានកើតចេញពីឪពុកម្តាយ អាចបែងចែកជា 2ករណី។ ករណីទី1 គឺជាទំនាក់ទំនងម្តាយ និង កូន ដែលករណីភាគច្រើនបំផុតយើងអាចបញ្ជាក់តាមរយៈអង្គហេតុនៃការសម្រាលកូននោះបាន ប៉ុន្តែ ករណីទី2 គឺជាទំនាក់ទំនងឪពុក និង កូន ដែលយើងអាចមានការលំពាក់ក្នុងការបញ្ជាក់ក្នុងករណីខ្លះ។ មាត្រា772 កថាខណ្ឌទី1 កំណត់ថា ទារកដែលនៅក្នុងផ្ទៃរបស់ប្រពន្ធដែលកំពុងមានចំណងអាពាហ៍ពិពាហ៍ ត្រូវសន្មតថាជាកូនរបស់ប្តី។ ការសន្មតនេះអាចផ្លាស់ប្តូរបាន ចំពោះតែការតវ៉ាដែលបានធ្វើឡើងក្នុងនីតិវិធីពិសេសដែលបានកំណត់ក្នុងច្បាប់ប៉ុណ្ណោះ (ការបដិសេធបិតុភាពដោយឪពុក។ មាត្រា774)។ ហើយផ្ទុយមកវិញ ប្រព័ន្ធស្តីពីការទទួលស្គាល់បានរៀបចំឡើង សម្រាប់ករណីកូនដែលចាប់កំណើតនៅពេលដែលម្តាយមិនបានរៀបអាពាហ៍ពិពាហ៍។ បុគ្គលដែលជាឪពុកអាចទទួលស្គាល់ទំនាក់ទំនងឪពុកកូនតាមការស្ម័គ្ររបស់ខ្លួនបាន ហើយនេះហៅថាការទទួលស្គាល់ដោយស្ម័គ្រចិត្ត ក្នុងករណីនេះ បុគ្គលដែលបានទទួលស្គាល់នោះ នឹងត្រូវបានសន្មតថាជា ឪពុក (មាត្រា779។ មាត្រាច្បាប់ ក៏មានកំណត់អំពីការទទួលស្គាល់ដោយម្តាយផងដែរ។ ប៉ុន្តែ នេះជាបញ្ញត្តិសម្រាប់ករណីពិសេសដែលម្តាយមិនអាចបញ្ជាក់អំពីអង្គហេតុពពោះ និង សម្រាលបាន ដូចជាករណីកូនវង្វេង ឬ កូនដែលត្រូវគេបោះបង់ចោល)។ ហើយកូន បច្ឆាញាតិរបស់កូននោះ ឬ អ្នកតំណាងដែលច្បាប់កំណត់របស់បុគ្គលទាំងនោះ អាចដាក់ពាក្យបណ្តឹងទាមទារឱ្យទទួលស្គាល់ ដើម្បីបញ្ជាក់អំពីទំនាក់ទំនងឪពុកនិងកូន តាមផ្លូវតុលាការបាន (មាត្រា787។ ការទទួលស្គាល់ដោយបង្ខំ)។
កូនដែលឥតខាន់ស្លាអាចទទួលបានឋានៈជាកូនមានខាន់ស្លាចំពោះ 2ករណី ដូចតទៅនេះ។ ករណីទីមួយគឺ កូនដែលឪពុកបានទទួលស្គាល់ ទទួលបានឋានៈជាកូនមានខាន់ស្លា តាមរយៈអាពាហ៍ពិពាហ៍របស់ឪពុកម្តាយរបស់កូននោះ (មាត្រា789 កថាខណ្ឌទី1)។ ករណីទីពីរគឺ កូនដែលឪពុកម្តាយបានទទួលស្គាល់ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ បានទទួលឋានៈជាកូនមានខាន់ស្លាចាប់ពីពេលដែលបានទទួលស្គាល់ (មាត្រា789 កថាខណ្ឌទី2)។
(2) កូនចិញ្ចឹម
ប្រព័ន្ធដែលបង្កើតទំនាក់ទំនងកូនរបស់អ្នកដទៃដែលគ្មានជាប់សាច់ឈាម ឱ្យក្លាយជាកូនតាមផ្លូវច្បាប់របស់អ្នកតាមការព្រមព្រៀងរបស់ភាគី ហៅថា កូនចិញ្ចឹម (មាត្រា792)។ កូនចិញ្ចឹមទទួលឋានៈជាកូនមានខាន់ស្លា ប៉ុន្តែ កូនចិញ្ចឹមនឹងមានឪពុកម្តាយ 4នាក់ ដោយសារតែ កូនចិញ្ចឹមមិនកាត់ផ្តាច់ទំនាក់ទំនងទាំងស្រុងជាមួយឪពុកម្តាយបង្កើត និង ញាតិរបស់ខ្លួននោះទេ (កូនចិញ្ចឹមនោះនៅតែមានសិទ្ធិទទួលសន្តតិកម្ម នូវទ្រព្យសម្បត្តិពីឪពុកម្តាយបង្កើតរបស់ខ្លួន។ ⇒ជំពូកទី9 II.1(1))។ ប៉ុន្តែ មានបុគ្គលខ្លះចង់ចិញ្ចឹមបីបាច់កូនដែលទើបតែកើតរបស់អ្នកដទៃក្នុងនាមជាកូនរបស់ខ្លួនឯង ហើយចង់រំលត់ទំនាក់ទំនងកូននោះជាមួយនឹងឪពុកម្តាយ និង ញាតិរបស់កូននោះតែម្តង ហេតុនេះហើយ នៅឆ្នាំ1987 ប្រទេសជប៉ុនបានបង្កើតនូវប្រព័ន្ធស្មុំកូនពិសេស ដើម្បីបំពេញតម្រូវការនេះ (ក្រមរដ្ឋប្បវេណី ចាប់ពីមាត្រា817.2)។ ហើយជាគោលការណ៍ កូននោះត្រូវមានអាយុតិចជាង 15ឆ្នាំ ហើយត្រូវបង្កើតទំនាក់ទំនងកូនស្មុំនេះ ដោយដីកាសម្រេចរបស់តុលាការគ្រួសារ (វាក្យខណ្ឌទី1 កថាខណ្ឌទី1 នៃមាត្រា817.5 នៃច្បាប់វិសោធនកម្មក្រមរដ្ឋប្បវេណីដែលអនុវត្តនៅថ្ងៃទី1 ខែមេសា ឆ្នាំ2020។ ហើយបទបញ្ញត្តិដែលកំណត់ឱ្យកូនស្មុំត្រូវមានអាយុក្រោម 6ឆ្នាំ ត្រូវបានដំឡើងយ៉ាងច្រើនមកអាយុក្រោម 15ឆ្នាំវិញ។ លើសពីនេះទៅទៀត បើសិនជាអាចបំពេញលក្ខខណ្ឌពិសេសផ្សេងទៀត ការស្មុំកូនអាចទទួលស្គាល់រហូតដល់អាយុក្រោម 18ឆ្នាំ។ (វាក្យខណ្ឌទី2 កថាខណ្ឌទី1 នៃមាត្រា817.5)។ចំពោះករណីស្មុំកូនពិសេសនេះ ទំនាក់ទំនងរបស់កូននោះជាមួយនឹងឪពុកម្តាយបង្កើតត្រូវបាត់បង់ (សិទ្ធិសន្តតិកម្មក៏បាត់បង់ដែរ) ហើយការកត់ត្រាជាសមាជិកក្នុងប័ណ្ណគ្រួសារ ក៏ត្រូវបានប្រើប្រាស់វិធីខុសពីកូនចិញ្ចឹមទូទៅ ដើម្បីធ្វើយ៉ាងណាមិនឱ្យដឹងយ៉ាងងាយស្រួលថាកូននោះជាកូនចិញ្ចឹមឡើយ (យ៉ាងណាមិញ ការស្នើសុំចុះសំបុត្រកំណើតចំពោះកូនរបស់អ្នកដទៃដែលទើបតែកើតភ្លាមៗ ក្នុងនាមជាកូនបង្កើតរបស់ខ្លួន ពោលគឺ «ការបន្លំជាកូនបង្កើត» គឺមិនអាចបង្កើតទំនាក់ទំនងឪពុកម្តាយនិងកូនបង្កើតនោះទេ ដោយសារតែការស្នើសុំចុះសំបុត្រកំណើតត្រូវមោឃភាព។ ប៉ុន្តែ ទ្រឹស្តីច្បាប់ និង សាលក្រមរបស់តុលាការជាន់ទាបបានសម្រេចទទួលស្គាល់អានុភាពនៃការស្នើសុំនោះ ក្នុងនាមជាការស្នើសុំបង្កើតទំនាក់ទំនងកូនស្មុំ។ ដោយឡែក តុលាការកំពូលបានបដិសេធការបកស្រាយបែបនេះ)។
ទំនាក់ទំនងឪពុកម្តាយ និងកូនចិញ្ចឹមតាមរយៈការស្មុំកូនធម្មតា អាចបញ្ចប់ដោយការកាត់កាល់បាន (ផ្ទុយមកវិញ ទំនាក់ទំនងឪពុកម្តាយ និងកូនចិញ្ចឹមតាមរយៈការបង្កើតស្មុំកូនពិសេស ជាគោលការណ៍មិនអាចរំលត់ដោយការកាត់កាល់នោះទេ។ មាត្រា817.10 កថាខណ្ឌទី2។ ដោយសារតែ ស្មុំកូនពិសេសមានបំណងបង្កើតទំនាក់ទំនងឱ្យដូចជាឪពុកម្តាយនិងកូនបង្កើតរវាងភាគី)។ គោលគំនិតនៃការកាត់កាល់ ដូចគ្នានឹងការលែងលះផងដែរ ដោយសារការកាត់កាល់នេះ រួមមានការកាត់កាល់តាមការព្រមព្រៀង និង ការកាត់កាល់តាមតុលាការ។ ក្រោយពេលដែលភាគីនៃការស្មុំកូនណាម្ខាងបានទទួលមរណភាព ហើយភាគីម្ខាងទៀតដែលនៅរស់ អាចស្នើសុំការអនុញ្ញាតពីតុលាការគ្រួសារ ដើម្បីកាត់កាល់បាន (មាត្រា811 កថាខណ្ឌទី6។ គេហៅថា ការកាត់កាល់ក្រោយមរណភាព)។
4. អំណាចមេបា អាណាព្យាបាល ហិតូបត្ថម្ភ និង ការទំនុកបំរុង
(1) សញ្ញាណទូទៅ
ទិសដៅនៃនីតិគ្រួសារសម័យទំនើប គឺ ការពារកូន ការពារសហព័ទ្ធ និង ការពារចាស់ជរានៅក្នុងគ្រួសារ។ ប្រទេសជប៉ុនបានវិវត្តន៍ទៅរកសង្គមដែលសម្បូរចាស់ជរា ហេតុនេះ បញ្ហស្តីពីអាណាព្យាបាល និង ការទំនុកបំរុង ត្រូវពិចារណាឡើងវិញពីជ្រុងមួយផ្សេង (នេះគឺជាបញ្ហាពាក់ព័ន្ធនឹងអាណាព្យាបាលលើនីតិជន ហើយចំណុចនេះត្រូវបានធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណីនៅខែធ្នូ ឆ្នាំ1999 ហើយដាក់ឱ្យអនុវត្តនៅខែមេសា ឆ្នាំ2000។ ដូចនេះ គេបានពិចារណាពីគោលគំនិតនៃជីវភាពធម្មតា ដែលជាគោលគំនិតក្នុងការបង្កើតសង្គមមួយដែលគោរពឆន្ទៈរបស់សាមីខ្លួន និង សិទ្ធិសម្រេចដោយខ្លួនឯង ព្រមទាំងអាចឱ្យបុគ្គលដែលមានពិការភាព ក៏អាចរស់នៅជីវភាពធម្មតានៅក្នុងផ្ទះ និង ក្នុងតំបន់ជាមួយមនុស្សទូទៅ)។
(2) អំណាចមេបា
① អំណាចមេបា និង អ្នកមានអំណាចមេបា
កូនដែលមិនទាន់ដល់នីតិភាព ត្រូវស្ថិតនៅក្រោមអំណាចមេបា (មាត្រា818)។ មានន័យថា ស្ថិតនៅក្រោមការថែរក្សា ការអប់រំ និង ការគ្រប់គ្រងទ្រព្យសម្បត្តិពីឪពុកម្តាយ។ យ៉ាងណាមិញ កន្លងមកយើងមានប្រព័ន្ធមួយដែលកូនជាអនីតិជនត្រូវចាត់ទុកថាដល់នីតិភាពដោយការរៀបអាពាហ៍ពិពាហ៍ (មាត្រា753) ហើយនៅក្នុងករណីនេះ កូននោះនឹងរួចផុតពីអំណាចមេបា (ការចាត់ទុកជានីតិជន)។ ដូចបានរៀបរាប់ខាងលើនេះ អាយុដល់នីតិភាពទាំងបុរសទាំងនារីត្រូវបានធ្វើវិសោធនកម្មដោយប្តូរមកអាយុ18ឆ្នាំ ហើយអាយុគ្រប់លក្ខណៈរៀបអាពាហ៍ពិពាហ៍របស់នារី ក៏ត្រូវដំឡើងមក 18ឆ្នាំផងដែរ នៅក្នុងការអនុវត្តវិសោធនកម្មក្រមរដ្ឋប្បវេណីថ្ងៃទី1 ខែមេសា ឆ្នាំ2022។ ហេតុនេះ ស្ថានភាពដែលអនីតិជនរៀបអាពាហ៍ពិពាហ៍នឹងលែងកើតមាន ហើយបញ្ញត្តិនេះក៏ត្រូវបាននិរាករណ៍។
បុគ្គលដែលមានអំណាចមេបា គឺជាឪពុកម្តាយរបស់អនីតិជននោះ (មាត្រា818 កថាខណ្ឌទី1)។ មិនត្រឹមតែឪពុកម្តាយបង្កើតនោះទេ ឪពុកម្តាយចិញ្ចឹមក៏មានសិទ្ធិអំណាចមេបាផងដែរ (មាត្រា818 កថាខណ្ឌទី2)។ ទ្រឹស្តីបានយល់ឃើញខុសគ្នាត្រង់ចំណុចថា បើសិនជាឪពុកម្តាយចិញ្ចឹមមានអំណាចមេបា តើឪពុកម្តាយបង្កើតបាត់បង់អំណាចមេបាដែរឬទេ? ឬក៏ គ្រាន់តែឪពុកម្តាយចិញ្ចឹមមានអាទិភាពជាងប៉ុណ្ណោះ។ ប៉ុន្តែ មិនមែនឪពុកម្តាយគ្រប់រូបសុទ្ធតែអាចក្លាយជាអ្នកមានអំណាចមេបានោះទេ។ នៅពេលដែលឪពុក ឬ ម្តាយខ្លួនឯងគឺជាអនីតិជន អ្នកមានអំណាចមេបារបស់ឪពុក ឬ ម្តាយ (ឬ អ្នកអាណាព្យាបាល) ត្រូវអនុវត្តសិទ្ធិអំណាចមេបាជំនួស (មាត្រា833 និង មាត្រា867 កថាខណ្ឌទី1)។ បើសិនជាឪពុក ឬ ម្តាយដែលត្រូវបានចាត់ទុកថាជា ជនដែលហាមមិនឱ្យចាត់ចែងទ្រព្យសម្បត្តិបានដោយផ្អែកលើក្រមរដ្ឋប្បវេណីចាស់ ទ្រឹស្តីភាគច្រើនបកស្រាយថា បុគ្គលទាំងនោះក៏មិនអាចអនុវត្តសិទ្ធិអំណាចមេបាបានដែរ ប៉ុន្តែ ចំណុចទាំងនេះពុំបានបញ្ញត្តក្នុងច្បាប់នោះទេ (យុត្តិសាស្រ្តតុលាការបានបកស្រាយបន្ថែមថា ឧបជនដែលហាមមិនឱ្យចាត់ចែងទ្រព្យសម្បត្តិបាន ក៏មិនអាចអនុវត្តអំណាចមេបាបានឡើយ)។
② ខ្លឹមសារនៃសិទ្ធិអំណាចមេបា
ខ្លឹមសារនៃសិទ្ធិអំណាចមេបារួមមាន ទីមួយគឺ បីបាច់ថែរក្សារូបកាយ ពោលគឺ ការគ្រប់គ្រង ថែរក្សា និង អប់រំ ហើយអំណាចនេះគឺជាសិទ្ធិផង និង ករណីយកិច្ចផងរបស់ឪពុកម្តាយ (មាត្រា820)។ ទីពីរគឺ គ្រប់គ្រងទ្រព្យសម្បត្តិ ពោលគឺ គ្រប់គ្រងទ្រព្យរបស់កូន ហើយតំណាងឱ្យកូននោះ ចំពោះសកម្មភាពគិតយុត្តពាក់ព័ន្ធនឹងទ្រព្យសម្បត្តិនោះ (សិទ្ធិគ្រប់គ្រងទ្រព្យសម្បត្តិ។ មាត្រា824)។ ប៉ុន្តែ បើសិនជាសកម្មភាពណាដែលបង្កើតឱ្យមានកាតព្វកិច្ចដែលកូនត្រូវអនុវត្ត អ្នកមានអំណាចមេបាត្រូវទទួលការយល់ព្រមពីកូនដែលជាសាមីខ្លួន (មាត្រាដដែល។ ឧទាហរណ៍ ការចុះកិច្ចសន្យាដែលតម្រូវឱ្យកូនទៅសំដែងក្នុងភាពយន្តជាដើម ឪពុកម្តាយមិនអាចចុះកិច្ចសន្យាដោយគ្មានការយល់ព្រមពីកូននោះទេ)។ ពាក្យថា «តំណាង» នៅក្នុងមាត្រា842 មានអត្ថន័យដូចគ្នានឹងការតំណាងទូទៅ។ មានន័យថា អ្នកដែលមានអំណាចមេបា (មិនមែនជាអ្នកតំណាងតាមរយៈកិច្ចសន្យាប្រគល់សិទ្ធិតំណាងនោះទេ ប៉ុន្តែ ច្បាប់បានប្រគល់ឋានៈក្នុងនាមជាអ្នកតំណាង) គឺជាអ្នកតំណាងដែលច្បាប់បានកំណត់របស់កូន។ ជាគោលការណ៍ អ្នកមានអំណាចមេបាអាចគ្រប់គ្រងទ្រព្យសម្បត្តិទាំងអស់របស់កូន ប៉ុន្តែ មិនមានអំណាចទៅលើទ្រព្យសម្បត្តិដែលអ្នកមានអំណាចមេបាបានអនុញ្ញាតឱ្យចាត់ចែងដោយកំណត់គោលបំណង (មាត្រា5) និង ទ្រព្យសម្បត្តិអាជីវកម្មដែលកំពុងគ្រប់គ្រងដោយកូនដែលបានទទួលការអនុញ្ញាតឱ្យធ្វើអាជីវកម្ម (មាត្រា6)។
③ សកម្មភាពដែលផលប្រយោជន៍ផ្ទុយគ្នា
ឧទាហរណ៍ ចំពោះសកម្មភាពដែលយកទ្រព្យសម្បត្តិរបស់កូនទៅប្រទានកម្មឱ្យអ្នកមានអំណាចមេបា វានឹងផ្តល់ប្រយោជន៍ដល់អ្នកមានអំណាចមេបា ប៉ុន្តែ វានាំឱ្យបាត់បង់ផលប្រយោជន៍ដល់កូន។ សកម្មភាពដែលមានផលប្រយោជន៍ផ្ទុយគ្នារវាងឪពុក ឬ ម្តាយដែលមានអំណាចមេបា ជាមួយនឹងកូនបែបនេះ ហៅថា សកម្មភាពដែលផលប្រយោជន៍ផ្ទុយគ្នា។ ចំពោះសកម្មភាពដែលមានផលប្រយោជន៍ផ្ទុយគ្នានេះ បុគ្គលដែលមានអំណាចមេបា ត្រូវទាមទារឱ្យតុលាការគ្រួសារ ជ្រើសតាំងអ្នកតំណាងពិសេសសម្រាប់កូន (មាត្រា826 កថាខណ្ឌទី1)។ ចំណុចនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលកូនមានច្រើននាក់ ហើយផលប្រយោជន៍របស់កូនណាម្នាក់ផ្ទុយគ្នានឹងផលប្រយោជន៍របស់កូនផ្សេងទៀត (មាត្រា826 កថាខណ្ឌទី2)។
④ ការដកហូត និង ការព្យួរអំណាចមេបា
នៅក្នុងឆ្នាំ2011 គេបានបង្កើតនូវយន្តការ 2 ដើម្បីការពារដល់ការរំលោភភបំពានលើកុមារ។ ទីមួយគឺ យន្តការនៃការសម្រេចដកហូតអំណាចមេបា ក្នុងករណីដែលមានការអនុវត្តអំណាចមេបាដោយប៉ះពាល់យ៉ាងខ្លាំងទៅលើផលប្រយោជន៍របស់កូន ដូចជា ឪពុកម្តាយបានបោះបង់កូនចោលដោយបំពាន ឬ ដោយទុច្ចរិតជាអាទិ៍ (មាត្រា834)។ ទីពីរគឺ យន្តការនៃការសម្រេចព្យួរអំណាចមេបា ដែលអាចកម្រិតអំណាចមេបាក្នុងរយៈពេលតិចជាង 2ឆ្នាំ ក្នុងករណីដែលការអនុវត្តអំណាចមេបាជួបការលំបាក ឬ មិនត្រឹមត្រូវ ហើយប៉ះពាល់ដល់ផលប្រយោជន៍របស់កូន (មាត្រា834.2)។
(3) ប្រព័ន្ធអាណាព្យាបាល ហិតូបត្ថម្ភ និង ទំនុកបម្រុង
① និយមន័យ
ប្រព័ន្ធអាណាព្យាបាល គឺជាប្រព័ន្ធដែលបង្កើតឡើងដើម្បីការពារដល់អនីតិជនដែលមិនអាចទទួលបានការការពារដោយអំណាចមេបា និង នីតិជននៅក្រោមអាណាព្យាបាល (ជនដែលហាមមិនឱ្យចាត់ចែងទ្រព្យសម្បត្តិនៅក្នុងច្បាប់ចាស់)។ បុគ្គលដែលអនុវត្តមុខងារអាណាព្យាបាល ហៅថា អ្នកអាណាព្យាបាល។ ដូចនេះ អនីតិជនត្រូវអមដោយអ្នកមានអំណាចមេបាក្នុងនាមជាអ្នកតំណាងតាមច្បាប់កំណត់ និងត្រូវអមដោយអ្នកអាណាព្យាបាលរបស់អនីតិជន ក្នុងករណីដែលគ្មានអ្នកមានអំណាចមេបា ឬ អ្នកអំណាចមេបាគ្មានសិទ្ធិគ្រប់គ្រង។ អ្នកអាណាព្យាបាល ក៏ជាអ្នកតំណាងដែលច្បាប់កំណត់ដែរ។ នីតិជននៅក្រោមអាណាព្យាបាលត្រូវតែអមដោយអ្នកអាណាព្យាបាលជានិច្ច។ ហើយគេអាចបន្ថែម អ្នកត្រួតពិនិត្យអ្នកអាណាព្យាបាល ដើម្បីពិនិត្យលើអ្នកអាណាព្យាបាលបាន (ចាប់ពីមាត្រា848)។ ផ្ទុយមកវិញ ប្រព័ន្ធហិតូបត្ថម្ភ គឺជាប្រព័ន្ធដែលបង្កើតឡើងសម្រាប់ការពារដល់ជននៅក្រោមហិតូបត្ថម្ភ (ឧបជនដែលហាមមិនឱ្យចាត់ចែងទ្រព្យសម្បត្តិនៅក្នុងច្បាប់ចាស់) ហើយបុគ្គលដែលអនុវត្តមុខងារហិតូបត្ថម្ភ ហៅថា ហិតូបត្ថម្ភកៈ។ សូមបញ្ជាក់ថា នៅក្នុងច្បាប់ចាស់ ហិតូបត្ថម្ភកៈមានសិទ្ធិអំណាចត្រឹមតែផ្តល់ការយល់ព្រម នៅពេលដែលឧបជនដែលហាមមិនឱ្យចាត់ចែងទ្រព្យសម្បត្តិធ្វើសកម្មភាពជាក់លាក់ណាមួយប៉ុណ្ណោះ ប៉ុន្តែ នៅក្នុងច្បាប់ថ្មី ហិតូបត្ថម្ភកៈមានទាំងសិទ្ធិលុបចោលសកម្មភាពដែលជននៅក្រោមហិតូបត្ថម្ភបានធ្វើដោយគ្មានការយល់ព្រម និងសិទ្ធិតំណាងចំពោះសកម្មភាពជាក់លាក់ណាដែលភាគីបានជ្រើសរើស។ យ៉ាងណាមិញ នៅក្នុងច្បាប់ថ្មីក៏បានបញ្ចូលនូវប្រព័ន្ធថ្មីដែលជាប្រព័ន្ធទំនុកបម្រុង។ ហើយប្រព័ន្ធនេះ មានគោលបំណងការពារដល់បុគ្គលដែលមានសម្ថភាពក្នុងការវិនិច្ឆ័យមិនពេញលេញ ដោយសារតែវិបត្តិផ្នែកស្មារតីកម្រិតទាប ហើយមិនទទួលបានការការពារពីច្បាប់ចាស់ (ចំពោះចំណុចខាងលើនេះ សូមយោងខ្លឹមសារនៅក្នុងជំពូកស្តីពី បទប្បញ្ញត្តិទូទៅនៃក្រមរដ្ឋប្បវេណី ⇒ជំពូកទី2 II.2(3))។
② ការចាប់ផ្តើមអាណាព្យាបាល
អាណាព្យាបាលនឹងចាប់ផ្តើម នៅពេលដែលពុំមានបុគ្គលដែលអនុវត្តអំណាចមេបាចំពោះអនីតិជន ឬ បុគ្គលដែលអនុវត្តអំណាចមេបាគ្មានសិទ្ធិគ្រប់គ្រងទ្រព្យសម្បត្តិ ឬ នៅពេលដែលមានដីកាសម្រេចចាប់ផ្តើមអាណាព្យា
បាល ចំពោះនីតិជននៅក្រោមអាណាព្យាបាល (មាត្រា838)។
③ ការជ្រើសរើសអ្នកអាណាព្យាបាល និង អ្នកត្រួតពិនិត្យអ្នកអាណាព្យាបាល
បុគ្គលដែលមានអំណាចមេបាចុងក្រោយ អាចកំណត់អ្នកអាណាព្យាបាលសម្រាប់អនីតិជន នៅក្នុងមតកសាសន៍បាន។ ឪពុក ឬ ម្តាយណាម្ខាងដែលមានអំណាចមេបា ប៉ុន្តែគ្មានសិទ្ធិគ្រប់គ្រង អាចកំណត់ឪពុក ឬ ម្តាយម្ខាងទៀតធ្វើជាអ្នកអាណាព្យាបាលសម្រាប់អនីតិជនបាន (មាត្រា839)។ ប្រសិនបើគ្មានការកំណត់ដូចខាងលើនេះទេ តុលាការគ្រួសារអាចជ្រើសរើសអ្នកអាណាព្យាបាលសម្រាប់អនីតិជន តាមការទាមទាររបស់អនីតិជននៅក្រោមអាណាព្យាបាល ឬ ញាតិ និង អ្នកមានទំនាក់ទំនងផលប្រយោជន៍ផ្សេងទៀតរបស់អនីតិជននោះ (មាត្រា840)។ ចំពោះអ្នកអាណាព្យាបាលសម្រាប់នីតិជនវិញ តុលាការគ្រួសារត្រូវជ្រើសរើសដោយឆន្ទានុសិទ្ធិ នៅពេលដែលសម្រេចសេចក្តីអំពីការចាប់ផ្តើមអាណាព្យាបាល។ ទោះបីជាអ្នកអាណាព្យាបាលសម្រាប់នីតិជនត្រូវបានជ្រើសតាំងក៏ដោយ ក៏នៅពេលដែលចាំបាច់ តុលាការគ្រួសារអាចជ្រើសរើសអ្នកអាណាព្យាបាលសម្រាប់នីតិជនបន្ថែម ដោយឆន្ទានុសិទ្ធិ ឬ តាមការទាមទាររបស់នីតិជននៅក្រោមអាណាព្យាបាល ឬ ញាតិ និង អ្នកមានទំនាក់ទំនងផលប្រយោជន៍ផ្សេងទៀតរបស់នីតិជននោះ ឬ អ្នកអាណាព្យាបាលសម្រាប់នីតិជនខ្លួនឯង (មាត្រា843)។ ហើយវិធីជ្រើសរើសអ្នកត្រួតពិនិត្យអ្នកអាណាព្យាបាល ចំពោះអ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនីតិជន ត្រូវកំណត់ដោយបុគ្គលដែលអាចកំណត់អ្នកអាណាព្យាបាលសម្រាប់អនីតិជន ឬ តាមការជ្រើសតាំងរបស់តុលាការគ្រួសារ។ អ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់នីតិជន ត្រូវជ្រើសតាំងដោយតុលាការគ្រួសារ (ចាប់ពីមាត្រា848)។
④ មុខងាររបស់អ្នកអាណាព្យាបាល និង អ្នកត្រួតពិនិត្យអ្នកអាណាព្យាបាល
អ្នកអាណាព្យាបាលសម្រាប់អនីតិជន មានមុខងារស្ទើរតែដូចគ្នាទាំងស្រុងនឹងអ្នកមានអំណាចមេបា ប៉ុន្តែមានការកម្រិតតិចតួច (មាត្រា857)។ អ្នកអាណាព្យាបាលសម្រាប់នីតិជនមានមុខងារចាត់ចែងកិច្ចការជីវភាព និង ថែទាំសុខភាពដល់នីតិជននៅក្រោមអាណាព្យាបាល និង គ្រប់គ្រងទ្រព្យសម្បត្តិរបស់នីតិជននៅក្រោមអាណាព្យាបាលក្នុងនាមជាអ្នកតំណាងដែលច្បាប់កំណត់ (មាត្រា858 និងមាត្រា859)។ នៅក្នុងច្បាប់ថ្មីបានបន្ថែមចំណុចអំពី រាល់សកម្មភាពទាំងអស់ត្រូវគោរពឆន្ទៈរបស់ជននៅក្រោមអាណាព្យាបាលទូទៅ (មាត្រា858)។ ក្នុងពេលថ្មីៗនេះ គេបានបង្កើតនូវបញ្ញត្តិដែលអនុវត្តឱ្យ នីតិជននៅក្រោមអាណាព្យាបាលអាចគ្រប់គ្រងវត្ថុប្រៃសណីយ៍ (មាត្រា860.2)។ មុខងាររបស់អ្នកត្រួតពិនិត្យអាណាព្យាបាល គឺត្រួតពិនិត្យកិច្ចការរបស់អ្នកអាណាព្យាបាល ហើយអ្នកត្រួតពិនិត្យនោះ ត្រូវទាមទារឱ្យតុលាការគ្រួសារជ្រើសរើសអ្នកអាណាព្យាបាល ដោយគ្មានការយឺតយ៉ាវ ក្នុងករណីដែលគ្មានអ្នកអាណាព្យាបាល ជាអាទិ៍ (មាត្រា851)។
⑤ មុខងាររបស់ហិតូបត្ថម្ភកៈ និង អ្នកទំនុកបម្រុង
ហិតូបត្ថម្ភកៈមានសិទ្ធិផ្តល់ការយល់ព្រម (មាត្រា13) នៅពេលដែលជននៅក្រោមហិតូបត្ថម្ភបានធ្វើសកម្មភាពជាកំណត់ណាមួយ (ការទិញលក់អចលនវត្ថុ ការធានា ការប្រទានកម្ម ឬ ការសាងសង់ និង កែលម្អផ្ទះជា
អាទិ៍)។ លើសពីនេះ ហិតូបត្ថម្ភកៈក៏មានសិទ្ធិលុបចោល និង សិទ្ធិតំណាងលើសកម្មភាពជាក់លាក់ណាមួយផងដែរ
(⇒សូមយោង ជំពូកទី2 III.2(3))។ ចំពោះករណីប្រព័ន្ធនៃការទំនុកបម្រុងដែលទើបនឹងបង្កើតថ្មីក៏ដូចគ្នាផងដែរ អ្នកទំនុកបម្រុងអាចត្រូវបានប្រគល់នូវសិទ្ធិផ្តល់ការយល់ព្រម សិទ្ធិលុបចោល ឬ សិទ្ធិតំណាង ចំពោះសកម្មភាពគតិយុត្តជាក់លាក់ដែលភាគីបានជ្រើសរើសបាន (⇒សូមយោង ជំពូកទី2 III.2(3))។